ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត១៤ម៉ឺននាក់(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖*ខេត្តព្រះសីហនុ ៣០,៩២៦នាក់*រាជធានីភ្នំពេញ ២៥,៤៩៣នាក់*ខេត្តកំពត ១៧,៩៧៤នាក់*ខេត្តកែប ៩,៦១៦នាក់*ខេត្តសៀមរាប ៨,៦១៨នាក់*ខេត្តកំពង់ស្ពឺ ៧,៨៨៥នាក់*ខេត្តមណ្ឌលគិរី ៥,៩៨៤នាក់*ខេត្តពោធិ៍សាត់ ៥,៦៦៥នាក់*ខេត្តកណ្តាល ៥,៣២៥នាក់។ជាការកត់សម្គាល់ លោក ថោង ខុន បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងប្រមាណ ១.២៧% ធៀបនឹងសប្តាហ៍កន្លងមក។បើតាមឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ កំពត និងកែប ជាគោលដៅសំខាន់ដែលបានស្រូបទាញភ្ញៀវទេសចរច្រើនរហូតដល់ប្រមាណ ៤២% នៃចំនួនភ្ញៀវសរុប។ ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បានបង្ហាញសញ្ញានៃការងើបឡើងវិញជាបណ្តើរៗ ខណៈដែលគោលដៅទេសចរណ៍ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិសាត់ នៅតែជាគោលដៅពេញនិយមនាចុងសប្តាហ៍កន្លងមក។ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សភាពការណ៍ជារួម មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) នៅតាមមូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍នានា ពិសេសការអនុវត្តវិធានការ «៣កុំ និង៣ការពារ៕















