រាជរដ្ឋាភិបាល ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លទៅរួចមក ទើបនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី។នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ផែនការមេនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល។ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិសម្រាប់ខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេបានធ្វើការសិក្សា និងកំណត់នូវយុទ្ធសាស្ត្របង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប ប៉ុន្តែត្រូវគោរពតាមគោលការណ៍អភិរក្ស និងប្រើប្រាស់គុណសម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះឱ្យបានជាអតិបរមា តាមរយៈការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានាដើម្បីបង្កើនភាពពេញចិត្ត ភាពទាក់ទាញដល់ភ្ញៀវទេសចរ ឈានទៅបង្កើនរយៈពេលស្នាក់នៅ ក៏ដូចជាបង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងចាប់យកតម្លៃបន្ថែមពីវិស័យទេសចរណ៍ខ្ពស់ជាងមុន ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា។ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ នឹងប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ និងមានភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា គោលបំណងជាយុទ្ធសាស្រ្តនៃផែនការមេនេះ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោក ដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និងភាពជាខ្មែរ។ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ខេត្តសៀមរាបគួររៀនសូត្រពីគំរូអនុវត្តល្អៗពីគ្រប់សម័យកាល ពិសេសសម័យអង្គរ ក៏ដូចជាការគិតគូរលើ «ភាពស្អាត បៃតង និងឆ្លាត» ក្នុងបរិការណ៍សម័យទំនើប និងដំណើរឆ្ពោះទៅការកសាងសេដ្ឋកិច្ចឌីជីថល។ទន្ទឹមនេះ គោលបំណងយុទ្ធសាស្រ្តដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានចំនួន៣ ដែលបំពេញឱ្យគ្នាទៅវិញទៅមក៖១៖ ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់។២៖ ទេសចរណ៍វៃឆ្លាត។៣៖ ទេសចរណ៍ដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានវប្បធម៌និងបរិស្ថានធម្មជាតិ។ឯកឧត្ដម ថោង ខុន បានពន្យល់ថា ដើម្បីសម្រេចបាននូវគោលបំណងខាងលើ ផែនការមេនេះមានគោលដៅយុទ្ធសាស្ត្រចំនួន៧ គឺ៖១៖ ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប។២៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ។៣៖ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប។៤៖ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប។៥៖ ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប។៦៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប។៧៖ ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយឈរលើអភិក្រមនៃការចូលរួម។បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ផែនការមេនេះត្រូវបានរៀបចំតាក់តែងឡើងជា៣ជំពូក រួមជាមួយនឹងសេចក្តីផ្តើម សេចក្តីសន្និដ្ឋាន និងឧបសម្ពន្ធ រួមមាន* ជំពូកទី១៖ គឺជាការបង្ហាញអំពីទិដ្ឋភាពរួម និងការវិភាគជម្រើសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ទិសដៅ ក្នុងការសម្រេចឱ្យបាននូវជម្រើសសេណារីយ៉ូនៃគោលដៅទេសចរណ៍ប្រកបដោយគុណភាព (Alternative Tourism) ដោយការព្យាករបានបង្ហាញថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិកើនឡើងប្រមាណ៧.៥លាននាក់ និងភ្ញៀវទេសចរជាតិកើនឡើងប្រមាណ១០.៩លាននាក់ ពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិចំនួន៥ថ្ងៃកន្លះ និងភ្ញៀវទេសចរជាតិ៣ថ្ងៃ បង្កើតចំណូលបានប្រមាណ៥.៩ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ៩៤ម៉ឺននាក់។ ការជ្រើសយកសេណារីយ៉ូនៃគោលដៅទេសចរណ៍ ប្រកបដោយគុណភាពនៅក្នុងផែនការមេនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកស្ទួយវប្បធម៌ជាតិ ទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាព ដោយមានការគ្រប់គ្រងច្បាស់លាស់លើការអភិវឌ្ឍ សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើនប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។* ជំពូកទី២៖ ផែនការមេបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដោយចែកចេញជា៦ផ្នែក រួមមាន៖ផ្នែកទី១៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាបមាន៦តំបន់ រួមមាន៖១៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រ។២៖ តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ជាគោលដៅទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍។៣៖ តំបន់បេតិកភណ្ឌអង្គរ ជាគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក វប្បធម៌ និងសាសនា។៤៖ តំបន់ក្រុងសៀមរាបជាគោលដៅទេសចរណ៍ក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រកម្រិតខ្ពស់។៥៖ តំបន់បឹងទន្លេសាប ជាគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។៦៖ គម្រោងបង្កើតតំបន់ទេសចរណ៍សៀមរាបថ្មីជាការឆ្លើយតបនឹងកំណើនប្រជាសាស្ត្រ នគរូបនីយកម្មក្រុងសៀមរាប កំណើនតម្រូវការសេវាស្នាក់នៅ និងកម្សាន្តទេសចរណ៍ សម្រាប់បម្រើឱ្យកំណើនភ្ញៀវទេសចរនៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីបញ្ចៀសនូវសម្ពាធខ្លាំងនៃការអភិវឌ្ឍនៅក្នុងក្រុងសៀមរាប និងតំបន់បេតិកភណ្ឌអង្គរ។ តំបន់នេះត្រូវអភិវឌ្ឍន៍ប្រកបដោយបរិស្ថានស្អាត ឆ្លាត និងបៃតង និងមានភាពទាក់ទាញសម្រាប់ប្រភេទទេសចរណ៍លំដាប់ខ្ពស់ និងទេសចរណ៍ផ្ទះទី២។ផ្នែកទី២៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗមានចំនួន ៦ រួមមាន៖១៖ ផលិតផលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ សាសនា និងជំនឿ។២៖ ផលិតផលទេសចរណ៍បៃតង។៣៖ ផលិតផលទេសចរណ៍ម៉ាយ (MICE)។៤៖ ផលិតផលទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍។៥៖ ផលិតផលទេសចរណ៍កីឡា។៦៖ ផលិតផលទេសចរណ៍វ័យចំណាស់-ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២។ផ្នែកទី៣៖ យុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មានចំនួន ២ រួមមាន៖១៖ ការទាក់ទាញប្រភពទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗ និងការជំរុញចលនាទេសចរណ៍ក្នុងស្រុកមកកាន់ខេត្តសៀមរាប។២៖ ការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។ផ្នែកទី៤៖ យុទ្ធសាស្រ្តពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍មានចំនួន ៣ រួមមាន៖១៖ ការពង្រឹងគុណភាពទេសចរណ៍ រាប់បញ្ចូលទាំងការពង្រឹងគុណភាពផ្នែកសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ ការពង្រឹងខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រកបដោយភាពធន់ ឆ្លើយតបនឹងគ្រោះមហន្តរាយ វិបត្តិជំងឺឆ្លង និងវិបត្តិនានា។២៖ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។៣៖ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអភិវឌ្ឍទេសចរណ៍។ផ្នែកទី៥៖ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបរិស្ថានមានចំនួន ៣ រួមមាន៖១៖ ការគ្រប់គ្រងសំរាម និងសំណល់រឹង។២៖ ការលើកកម្ពស់តំបន់បៃតង។៣៖ ការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ផ្នែកទី៦៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍មានចំនួន ២ រួមមាន៖១៖ ការជំរុញការតភ្ជាប់ផ្ទៃក្នុង និងអន្តរជាតិ ដូចជាការពង្រឹងការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងផ្លូវដែក។២៖ ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ឱ្យបានជាអតិបរមា រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទឹកស្អាត ថាមពលអគ្គិសនី ផ្លូវតភ្ជាប់តាមគោលដៅទេសចរណ៍ និងសេវាទូរគមនាគមន៍ និងសេវាអ៉ឺនថឺរណេតបម្រើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប។* ជំពូកទី៣៖ គឺជាការដាក់ចេញនូវផែនការសកម្មភាព និងយន្តការអភិបាលកិច្ចទេសចរណ៍ សំដៅធានានិរន្តរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។ ផែនការសកម្មភាពនៃផែនការមេនេះ កំណត់ដាក់ចេញនូវតារាងបរិយាយសកម្មភាពអនុវត្តលម្អិតដោយឡែក ដោយមានយុទ្ធសាស្រ្តសរុបចំនួន ៤៣ សកម្មភាពអនុវត្តសរុបចំនួន ១៣៥ ដែលបានកំណត់រយៈពេលនៃការអនុវត្ត (រយៈពេលខ្លី មធ្យម និងវែង) អមជាមួយគម្រោងសកម្មភាពអាទិភាពចំនួន ២០។ចំពោះយន្តការអភិបាលកិច្ចតម្រូវឱ្យមានការបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) រួមសម្រាប់ខេត្តសៀមរាប ហៅថា «គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ» រួចហើយគណៈកម្មការនេះត្រូវរៀបចំបង្កើត «អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs)» តាមតំបន់អាទិភាពទាំង៦ រួមមាន តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។ ចំពោះអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់បេតិកភណ្ឌអង្គរ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។ជារួម ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលត្រូវបានរៀបចំឡើងដោយការធ្វើសុខដុមភាវូបនីយកម្មរវាងគ្រប់វិស័យពាក់ព័ន្ធ អមដោយយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយលើរាល់សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ជាផែនទីចង្អុលផ្លូវសម្រាប់ដឹកនាំវិស័យសាធារណៈ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ឯកឧត្ដម ថោង ខុន បង្ហាញការរំពឹងទុកថា ផែនការមេនេះនឹងចូលរួមយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីទេសចរណ៍កម្ពុជា ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ពិភពលោក ផ្តល់ភាពកក់ក្តៅដល់ទេសចរ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះខេត្តសៀមរាបត្រូវអភិវឌ្ឍន៍ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនុរ័ត្ន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រនិងផែនការគន្លឹះទាំងនេះ កម្ពុជានឹងអាចស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិនេះ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងចីរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនូវអនុសាសន៍មួយចំនួនសម្រាប់អនុវត្តពីចុងឆ្នាំ២០២១នេះ ដល់ឆ្នាំ២០២៣ ដូចខាងក្រោម៖ទី១៖ បន្តរៀបចំយន្តការស្ថាប័ន ដោយត្រូវរៀបចំបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរឱ្យបានឆាប់ ដើម្បីដឹកនាំសម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប។ បន្ទាប់មក គណៈកម្មការនេះត្រូវបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តាមតំបន់អាទិភាពទាំង ៦ រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់អង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។ទី២៖ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធប្រកាន់យកស្មារតីម្ចាស់ការ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងការអនុវត្តផែនការសកម្មភាពនៃផែនការមេនេះ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងវិធានការយុទ្ធសាស្ត្រដែលបានដាក់ចេញ ជាពិសេសសកម្មភាពអនុវត្តនានា ក្នុងរយៈពេលខ្លី និងមធ្យម។ទី៣៖ ទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវនីតិវិធីប្រតិបត្តិស្តង់ដា វិធានសុវត្ថិភាពទេសចរណ៍ និងវិធានការណែនាំនានា ទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាលវិធានការច្បាប់ និងវិធានការអប់រំ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ទី៤៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ត្រូវរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ តាមរយៈ៖* ការជំរុញបញ្ចប់គម្រោងកែលម្អផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប រួមជាមួយការរៀបចំបន្ថែមនូវផ្លូវថ្មើរជើង ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ម៉ូតូ ផ្លូវជិះកង់ បង្គោល និងអំពូលភ្លើងបំភ្លឺសាធារណៈ រួមទាំងសម្បទាអមសងខាងផ្លូវ ការពនឿន ការអភិវឌ្ឍកំពង់ផែចុងឃ្នាសឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយគិតគូរលើការបំពាក់សម្បទាទ្រទ្រង់សេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗបន្ថែម។* ការពង្រឹងនូវការគ្រប់គ្រងរំហូរភ្ញៀវក្នុងតំបន់អង្គរ ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ជំរុញពិពិធកម្ម និងផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗនៅក្នុងតំបន់អង្គរ ដូចជា ការរៀបចំទេសភាពបៃតងនៅក្នុងតំបន់ប្រាសាទជាដើម ការពនឿននូវការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឈានទៅបង្កើនសមត្ថភាពផ្ទុកសម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់គោលដៅខេត្តសៀមរាប លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍន៍ក្រុងសៀមរាប និងគោលដៅអាទិភាពទាំងអស់ជា «ក្រុងទេសចរណ៍ឆ្លាត» និង «គោលដៅទេសចរណ៍ឆ្លាត» សំដៅលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅអភិវឌ្ឍនៅក្នុងក្របខណ្ឌអាស៊ាន ទាំងលើទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថានជាដើម។ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចជោគជ័យ សំដៅចូលរួមស្តារអនាគតនៃវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»៕171People Reached4Engagements–Distribution ScoreBoost Unavailable










